© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារី យ៉ង់ ស្រីនីត ដែលត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គម ហ្វេសបុក បានស្គាល់នាង តាមរយៈការបង្ហាញឃ្លីបវីដេអូ កិច្ចសម្ភាសន៍ពីជីវិតដ៏កម្សត់នាង នៅពេលប្អូនដើរលក់ចេកឆាប ឆ្លៀតពេលពីរៀននៅសាលា។ ប្អូនស្រី ជាក្មេងដែលគួរឲ្យស្រឡាញ់ និងមានទេពកោសល្យក្នុងការច្រៀងបានទាំងសម័យដើម និងសម័យបច្ចុប្បន្ន។ ជាមួយទឹកដមសំឡេងដ៏ពីរោះ និងរូបសម្រស់ពណ៌សម្បុរស្រអែមស្រស់ ស្រីនីត ក៏បានបង្ហាញពីការតស៊ូក្នុងជីវិត ទោះបីជួបការលំបាកយ៉ាងណាក៏ដោយ ក៏មិនបោះបង់ចោលការសិក្សានោះទេ។
ស្រីនីត ជាសិស្សរៀនថ្នាក់ទី ០៥ នៃសាលាបឋមសិក្សាដាក់ដាំ ស្ថិតក្នុងវ័យ ១១ ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរីវិញ។ ឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរលក់ចេកឆាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងគ្រួសារ។ ស្រីនីត បានរៀបរាប់ទំាងទឹកភ្នែកពីជីវិតរស់នៅរបស់គ្រួសាររបស់ប្អូន ដោយក្នុងនោះ មានឪពុកជាកម្មករសំណង់ ដែលនេះនាងក៏ត្រូវ តែឆ្លៀតពេលពីរៀនសូត្រ ដើរលក់នំនែក ដើម្បីជួយសម្រួលដល់ជីវិភាពប្រចាំថ្ងៃខ្លះ។ ទោះបី ស្រីនីត កើតមកក្នុងត្រកូលគ្រួសារដែលកំពុងតែខ្វះខាត ជួនមានថ្ងៃខ្លះ នាង និងគ្រួសារស្ទើរតែអ្វីហូបពុំបាប ប៉ុន្តែនាង នៅតែជម្នះចិត្តខិតខំរៀនសូត្រ និងដើរទូលនំលក់ទាំងទឹកមុខញញឹម ពោរពេញដោយក្តីសង្ឃឹមរហូត។
ស្រីនីត បានបញ្ជាក់ប្រាប់គណៈកម្មការទាំងបីរូប នៅក្នុងកម្មវិធីតូច ខ្លឹម ខ្លាំងបន្ថែមទៀតថា ឧបសគ្គអស់ទាំងអស់នេះ មិនមែនជាបញ្ហារារាំងក្តីស្រម៉ៃរបស់នាងឡើយ។ នាងមានក្តីបំណង ទៅថ្ងៃអនាគតចង់ក្លាយជាអ្នកចម្រៀង និងគ្រូបង្រៀន ដើម្បីចែករំលែកចំណេះដឹងដែលខ្លួនមានទៅឲ្យក្មេងៗជំនាន់ក្រោយ បន្តទៀត។ ខាងក្រោមនេះ គឺជាវីដេអូខ្លី ដែលបង្ហាញពីការរៀបរាប់ទុក្ខសោករបស់ប្អូនស្រី ដែលក្នុងនោះ អ្វីដែលធ្វើឲ្យទស្សនិកជន មិនអាចនឹងទប់ទឹកភ្នែកបាន គឺវត្តមានមនុស្សស្រីម្នាក់ជាមួយនឹងដៃដែលកំពុងតែបីកូនតូច ក្នុងសម្លៀកបំពាក់ចាស់ៗ គួរឲ្យអាណិតយ៉ាងខ្លាំង នោះគឺ ម្តាយរបស់យ៉ង់ ស្រីនីត។ តោះមកមើលវីដេអូដ៏កម្សត់នេះ ថាតើ ស្រីនីត នឹងរៀបរាប់បែបណាខ្លះ ជូនទស្សនិកជន៕
សូមចុចលីងខាងក្រោម ដើម្បីទស្សនាវីដេអូខ្លី
ដោយ៖ សិរីរដ្ឋ