© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មួយឈុត នៅក្នុងរឿង« លួចស្នេហ៍ស្វាមី» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន កំពុងតែឆក់យកបេះដូងទស្សនិកជន ជាពិសេស ភរិយាមួយចំនួន ដែលកំពុងតែ ជួបប្រទះនូវរឿងរ៉ាវជាមួយនឹងស្វាមី។ យ៉ាងណាមិញ ដូចជា នៅក្នុងសាច់រឿងនេះ តួអង្គ នាយផុនដេត ដែលជាអ្នកជំនួញ មានទ្រព្យសម្បត្តិស្តុកស្តម ជាមនុស្សប្រុស ចិត្តសាហាវ ហ៊ានធ្វើបាបសូម្បីប្រពន្ធរបស់ខ្លួន។ ដើម្បីតែការចង់ឈ្នះ ចង់ចាញ់ និងចិត្តហួងហែង មិនចង់ឲ្យប្រពន្ធផិតក្បត់នោះ ផុតដេត បានបង្កើតរូបភាពឌឺដង បញ្ឈឺទៅកាន់ យ៉ាដាជាច្រើនលើកច្រើនសារ។
នៅភាគបន្ទាប់ ទស្សនិកជន នឹងបានដឹងលម្អិតពីសាច់រឿង ពីគូកម្មមួយគូនេះ ដែលតួអង្គ នាងយ៉ាដា បានព្យាយាមរកមេធាវីដើម្បីធ្វើយ៉ាងណា អាចឈ្នះក្តីលែងលះស្វាមីបានសម្រេច។ នៅក្នុងឈុតមួយ ដែលជាឈុតធ្វើឲ្យនារីជាភរិយាគ្រប់រូប សឹងតែមិនអាចប្រឈមមុខបាន គឺនៅពេលដែលតួអង្គ នាយផុនដេត បានផ្គើននឹងមុខយ៉ាដាដោយនាំស្រីកំណាន់ក្មេងមកទទួលទានអាហាររួមតុជាមួយនាង ហើយថែមទាំងបញ្ចេញភាពផ្អែមល្ហែមនៅចំពោះនាងទៀតផង។ យ៉ាដា ស៊ូអត់ទ្រាំនឹងទង្វើបែបនេះរបស់ផុនដេត ក៏ព្រោះតែដើម្បីសម្រេចនូវផែនការដែលបានរៀបចំដោយមេធាវីរបស់នាង។
ការអត់ទ្រាំ នូវរូបភាពរបស់ប្តី ពេលខ្លះ ស្រីជាប្រពន្ធ ដូចជា តួអង្គ យ៉ាដា អាចនឹងទ្រាំដើម្បីផ្លូវដែលខ្លួនចង់ដើរ ដូចជាពាក្យគេនិយាយថា ស៊ូចាញ់ដើម្បីឈ្នះ។ ដោយសារតែ ផុនដេតជាមនុស្សឆ្លាត និងវៃគ្រប់កិច្ចការសម្ងាត់ គេក៏បានដឹងថា នេះគ្រាន់តែគំរោងផែនការរបស់ប្រពន្ធខ្លួនតែប៉ុណ្ណោះ។
សម្រាប់សាច់រឿងប្តីប្រពន្ធមួយគូនេះ នឹងទៅជាយ៉ាងណា សូមទស្សនិកជនកុំភ្លេចតាមដាននៅក្នុងឈុតឆាកជាច្រើនទៀត នៅក្នុងរឿង «លួចស្នេហ៍ស្វាមី» ដែលមានផ្សាយទស្សនាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ