© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃ រឿង «វាសនាកញ្ញាព្រៃភ្នំ» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក៏នឹងឈានមកដល់ភាគបញ្ចប់ផងដែរ។ ជាមួយនឹង សាច់រឿង ស្នេហា លាយឡំនឹងគំនិតអប់រំល្អៗ ពីការឲ្យតម្លៃគ្នាទៅវិញទៅមក និងការអភរិក្សសត្វព្រៃ និងព្រៃឈើ។ អមដោយសាច់រឿង ពីមួយភាគទៅមួយភាគ គឺបានអន្ទងចិត្តទស្សនិកជនឲ្យតាមដានជក់ចិត្ត ចាប់តាំងពីភាគដំបូងរហូតជិតដល់ភាគបញ្ចប់។
គូស្នេហ៍ទាំងពីរគូ ដែលបានបង្កើតឲ្យមានជាសាច់រឿងប្រទាក់ក្រឡារនេះឡើង គឺតួអង្គ កញ្ញា ម៉េវ៉ាឌី និងចៅហ្វាយនាយរូបសង្ហា, នាយ ជេត និង វ៉ាន់។ បន្ទាប់ពីពួកគេ ទាំងបួននាក់ បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ទាំងបញ្ហា ស្នេហា ទាំងការងារ ជាពិសេស ការលះបង់កម្លាំងកាយ ចិត្ត ការពារសម្បត្តិធម្មជាតិ ព្រៃឈើរួចមក មិត្តភាព ស្នេហា ក៏ចេះតែមានកើនឡើងពីមួយកម្រិត រហូតធ្វើឲ្យពួកគេយល់ថា ម្នាក់ៗសុទ្ធតែមានតម្លៃផ្តល់ឲ្យគ្នាទៅវិញទៅមកផងដែរ។ តួយ៉ាង តួអង្គ វ៉ាន់ ដែលធ្លាប់តែមើលងាយពីការរស់នៅរបស់ ម៉េវ៉ាឌី ថាជាក្មេងព្រៃភ្នំ ប៉ុន្តែចុងក្រោយ នាងក៏បានយល់ថា មនុស្សមិនអាចមើលឃើញតែសំបកក្រៅនោះទេ ។
ផ្ទុយទៅវិញ ម៉េវ៉ាឌី ដែលជាតួអង្គ នារីព្រៃភ្នំ នាងមានចិត្តបរិសុទ្ធ ស្អាតស្អំ និងស្មោះត្រង់ ដែលនេះបង្ហាញពីតម្លៃរបស់នាងយ៉ាងពិតប្រាកដ។ ចំណែកឯ ជេត ថ្វីត្បិតតែឪពុករបស់ខ្លួន ជាឈ្មួញរកសុី ប៉ុន្តែគេមិនបានគាំទ្រភាពទុច្ចរិតរបស់ឪពុកឡើយ។ គេបានព្យាយាមកសាងអំពើល្អ ដើម្បីលុបលាងកំហុស ជាមួយនឹងអ្នកភូមិ និងគ្រប់គ្នា។
យ៉ាងណាមិញ នៅភាគចុងក្រោយនេះដែរ គូស្នេហ៍ទាំងពីរគូបានបង្ហាញពីឈុតឆាកផ្អែមល្ហែម ស្នេហាស្អិតរមួត អមទៅដោយទេសភាពយ៉ាងស្រស់ត្រកាលនៅកណ្តាលព្រៃភ្នំ ។ ទស្សនិកជន សូមកុំឲ្យឈុតឆាកដ៏មានអត្ថន័យមួួយនេះ រំលងពីចក្ខុ ដែលទាំងអស់នេះ នឹងមាននៅក្នុងរឿង« វាសនាកញ្ញាព្រៃភ្នំ» ដែលនឹងចាក់ផ្សាយភាគបញ្ចប់នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ