© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពអយុត្តិធម៌ កាន់តែកើតមានឡើង ទៅលើ នារីបម្រើដ៏កម្សត់ម្នាក់។ កុល ដែលត្រូវបានលោកចក្រី មិនត្រឹមតែបំពានទៅលើនាងកាយនាងតែប៉ុណ្ណោះទេ ថែមទាំងសម្លាប់គូកំណាន់ចិត្តរបស់នាងទៀតផង។ ភាពឈឺចាប់ ដែលកុលទទួលបាន គ្មានអ្នកណាម្នាក់ផ្តល់យុត្តិធម៌ដល់នាងវិញនោះទេ។ ផ្ទុយទៅវិញ មានតែទឹកភ្នែកស្រក់ចុះមក ជាមួយនឹងអារម្មណ៍ឈឺខ្លោចផ្សារ រកពាក្យអ្វីមកថ្លែងមិនរួច។
កាលមួយ ដែលតម្រូវឲ្យលោកចក្រី ត្រូវចាកចេញពីផ្ទះ ដើម្បីប្រកបមុខជំនួញជួញប្រែ។ ឆ្លៀតពេលនេះ អ្នកស្រីផេន ដែលជាប្រពន្ធដើម បានសន្សំកំហឹងក្នុងខ្លួនយូរមកហើយនោះ ក៏បានរៀបចំគំរោងការធ្វើបាបកុល។ អ្នកស្រី ផេន បានរកវិធីធ្វើបាបកុល ដោយឲ្យនាងធ្វើការងារផ្ទះសព្វគ្រប់បែបយ៉ាង ទាំងការងារធ្ងន់ស្រាល នៅពេលដែលលោកម្ចាស់មិននៅ។ គ្រប់គ្នា មានអ្នកខ្លះក៏អាណិតនាង អ្នកខ្លះទៀត ក៏ចាំសើចចំអកទៅនាងគ្រប់ពេល ដោយចោទថា នាងជាស្រីយកប្តីគេ។ វាជារឿងមួយ ដែលកុលគ្មានកំហុសនោះទេ ព្រោះនេះ វាមិនមែនកើតចេញពីការចាំងចិត្តរបស់នាងឡើយ។
ជាមួយនឹងសម្រែកស្រែកទួញថ្ងូរខ្លាំងដែលបណ្តាលមកពី ស្នាមរបួសដែលបង្ករឡើងដោយរំពាត់់ ឥតមេត្តាពីអ្នកស្រីផេន ធ្វើឲ្យកុល ស្ទើរតែមិនអាចរស់នៅលើផែនដីនេះបាន។ គ្មានការឈឺចាប់ឯណា ដែលអត់ទ្រាំបាននោះទេ កុលក៏សម្រេចចិត្តងើប តស៊ូ និងពុះពារប្រឆាំងរាល់ការធ្វើបាបពីសំណាក់ ម្ចាស់ស្រីចិត្តសាហាវព្រៃផ្សែមួយនេះ។ កុល បានសន្យានឹងខ្លួនឯងថា នាងនឹងសងសឹកឲ្យអ្នកស្រីផេន ឈឺចាប់លើសពីអ្វីដែលខ្លួនកំពុងតែរងទុក្ខនៅពេលនោះទៀត។ ជាពិសេស កម្មពៀរនេះ នឹងធ្លាក់ទៅលើកូនៗរបស់លោកចក្រី និងអ្នកស្រីផេន ដោយមានចំណងបញ្ហាជាច្រើនទៀត។
តើដំណើរសាច់រឿង នៃភ្លើងគំនុំរបស់កុល និងអ្នកស្រី ផេន នឹងបញ្ចប់ទៅយ៉ាងណានោះ? សូមរង់ចាំទស្សនានៅក្នុងរឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ