ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧

តារាខ្មែរ និងតារាថៃជាច្រើនរូប ចូលរួមក្នុងពិធី ក្រុងពាលីរឿង «អាថ៍កំបាំងត្រីសូល៍» របស់ស្ថានីយទូរទស្សន៍PNN

០២ សីហា ២០១៧

 

កាលពីថ្ងៃទី ១៧ ខែកក្កដា ស្ថានីយទូរទស្សន៍PNN បានរៀបចំពិធីក្រុងពាលីរឿង «អាថ៍កំបាំងត្រីសូល៍» ដែលមានការចូលរួមពីសំណាក់តារាសម្តែងស្រីប្រុស នៅកម្ពុជានិងថៃ។ ខ្សែភាពយន្តមួយនេះនឹងចាប់ផ្តើមដំណើរការថត នាពេលដ៏ខ្លីខាងមុខ ដោយមានទាំងក្រុមកាងារកម្ពុជា និងក្រុមកាងារបុស្តិ៍លេខ៣ ថៃ សុទ្ធសឹងតែជាអ្នកដែលមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ក្នុងវិស័យភាពយន្ត។

 

«អាថ៍កំបាំងត្រីសូល៍» គឺជាខ្សែភាពយន្តភាគខ្មែរ ដែលត្រូវផលិតឡើងជាលើកដំបូង ដោយស្ថានីយទូរទស្សន៍PNN និងត្រូវបានចូលរួមសម្តែងដោយតារាល្បីៗកម្ពុជា និងថៃដូចជា៖ 
កញ្ញា ស៊ិន យូប៊ីន លោក ខាត់ វៃហាំង កញ្ញាមឿង ផាណែត លោក ណារ៉ា ដោយឡែកតារាថៃមានដូចជាកញ្ញា ម៉ៃ និងលោកភីត។ អ្នកទាំងប្រាំមួយនាក់នេះនឹងបង្កើតឈុតឆាកល្អមើល ប្លែក និងគួរអោយចាប់អារម្មណ៍ជាច្រើនក្នុងរឿង «អាថ៍កំបាំងត្រីសូល៍»។ 

 

 

កញ្ញា ទូច បុប្ផាប្រធានផ្នែកកម្មវិធីផ្សាយ របស់ស្ថានីយទូរទស្សន៍PNN បាននិយាយថា៖
«នេះគឺជាលើកទីមួយដែលស្ថានីយទូរទស្សន៍PNN បានផលិតខ្សែភាពយន្តដោយក្រុមកាងាររបស់PNNផ្ទាល់ ហើយនេះក៏ជាការសហការរវាងក្រុមកាងារខ្មែរ និងថៃ ដោយមានគោលបំណងចង់ផ្លាស់ប្តូរនូវបទពិសោធន៍នៃការផលិតខ្សែភាពយន្តភាគទៅវិញទៅមក និងចង់ពង្រឹងគុណភាពនៃខ្សែភាពយន្តភាគខ្មែរអោយបានកាន់តែល្អ ហើយនេះក៏ជាលើកទីមួយដែរ ដែលយើងមានតារាសម្តែងថៃ មកចូលរួមសម្តែងជាមួយតារាខ្មែរយើង»។

 

កញ្ញាបន្តថា៖ «មួយវិញទៀត ទិសដៅរបស់PNNតែងតែគាំទ្រនូវការផលិតក្នុងស្រុក ហើយយើងក៏ចង់អោយគុណភាពនៃការផលិតខ្សែភាពយន្តខ្មែរមានកម្រិតល្អប្រសើរជាងមុន និងចង់អោយទស្សនិកជនខ្មែរទាំងអស់ងាកមកចាប់អារម្មណ៍គាំទ្រ និងទស្សនាភាពយន្តក្នុងស្រុក»។
ពាក្យថាត្រីសូល៍ក្នុងខ្សែភាពយន្តនេះ សំដៅទៅលើអាវុធរបស់ព្រះសេវៈ និងមានអត្ថន័យដល់ការកសាង ការរក្សារ និងការបំផ្លាញ ឬមានន័យសំដៅទៅលើអតីតកាល បច្ចុប្បន្ន និងអនាគត។ យ៉ាងណាក៏ដោយចុងស្រួចទាំងបីរបស់ត្រីសូល៍ ចាត់ទុកជាអាវុធដ៏អស្ចារ្យ ពេលរួមគ្នាហើយមិនថាសត្រូវអាក្រក់ ឬកំណាចដល់កម្រិតណាក៏អាចផ្តួលរំលំបាន។ ខ្សែភាពយន្តនេះបង្ហាញពីការស៊ើបអង្កេត ដើម្បីបង្ក្រាបក្រុមសង្គមងងឹត នឹងរកយុត្តិធម៍ជូនប្រជាជន។ ក្នុងខ្សែភាពយន្តនេះក៏មានរឿងរ៉ាវកើតឡើងមិនចេះចប់ បង្កើតឡើងជាចំណោទបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។

 

ខ្សែភាពយន្តភាគរឿង «អាថ៍កំបាំងត្រីសូល៍» នឹងចាក់បញ្ចាំងជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕

 

ទស្សនាសកម្មភាពខ្លះៗនៃពិធីក្រុងពាលីរឿង«អាថ៍កំបាំងត្រីសូល៍»សូមចុច៖ 

 

Copyright © 2017 PNN TV. All Rights Reserved.