© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពាក្យថា អ្នកទីបី បើស្តាប់មួយភ្លេត មនុស្សភាគច្រើននឹងគិតថា គេជាអ្នកដែលបំផ្លាញក្តីសុខស្នេហារបស់មនុស្សពីរនាក់ផ្សេងទៀត ។ ផ្ទុយទៅវិញ បើយើងក្រលេកមើលទៅមួយជ្រុងតូច និងពិចារណាពីដើមហេតុដែលនាំឲ្យមានជម្លោះស្នេហាត្រីកោណនោះ អ្នកទីបី អាចជាជនដែលរងគ្រោះដោយសារតែការរងនូវទង្វើបោកប្រាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ តួអង្គ ចេនី នៅក្នុងរឿង «អ្នកទីបី» ដែលកំពុងតែទទួលបានគាំទ្រទៅលើសាច់រឿងមួយនេះយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ តើជីវិតនាង នឹងទៅជាយ៉ាងណា នៅពេលដែលនាងក្លាយជាជនទីបី ដែលបានទទួលនូវរឿងដ៏ឈឺចាប់ជាច្រើន សម្រាប់ជីវិតមួយនេះនោះ?
ដោយសារតែភាពវ័យក្មេង ចង់សម្រេចនូវក្តីស្រមៃរបស់ខ្លួន ចេនី បង្ខំចិត្តមានះនឹងគ្រួសារ ឪពុកម្តាយ ដើរលើផ្លូវដែលខ្លួនចង់ដើរ។ ចុងក្រោយ ធ្វើឲ្យនាងធ្លាក់ខ្លួន ចាញ់កលល្បិច របស់ វឌ្ឍនៈ ដែលជាបុរសមានប្រពន្ធរួចទៅហើយ។ ជាច្រើនឈុតឆាកនៃរឿងនេះ សុទ្ធតែឆ្លុះបញ្ចាំងពីរសជាតិជីវិត និងការចង់ឈ្នះ ចង់ចាញ់ រហូតទទួលបានមកវិញ ត្រឹមតែទឹកភ្នែកតែប៉ុណ្ណោះ។
យ៉ាងណាមិញ មួយឈុត ដែលបានដកស្រង់ចេញពីក្នុងសាច់រឿងនេះដែរ ក៏នឹងធ្វើឲ្យទស្សនិកជន អ្នកតាមដាន យល់កាន់តែច្បាស់ថា អ្នកទីបី គឺជាអ្នករងគ្រោះ គ្មានអ្នកណាម្នាក់ សុទ្ធតែចង់ដណ្តើមក្តីស្រឡាញ់គ្នាទាំងអស់នោះទេ ក៏ព្រោះតែស្នេហា អស់ពីចិត្ត ទើបធ្វើឲ្យអ្នកទីបី ត្រូវរស់នៅទូលទុក្ខតែម្នាក់ឯង។ តួយ៉ាង ក្នុងឈុតនេះ ចេនី ដើរដល់ផ្លូវទាល់ច្រក ជួបស្នេហាដែលមិនសមនឹងចិត្ត សុខចិត្តបីកូនរត់ចេញពីភូមិគ្រឹះទាំងយប់។ មានហេតុផលជាច្រើននៅពីក្រោយ នៃជីវិតរបស់នាង ដែលអ្នកដទៃមើលមក គិតថានាងជាអ្នកខុស។
ដើម្បីចង់ដឹងថា តើឈុតនេះ តួអង្គចេនី បង្ហាញនូវភាពឈឺចាប់ និងរងគ្រោះបែបណានោះ ចំពោះជីវិតរបស់នាង សូមរង់ចាំទស្សនាសាច់រឿងទាំងមូលនៅក្នុងរឿង «អ្នកទីបី» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ