© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែក្តៅគគុក ចំពោះបញ្ហា របស់តួអង្គស្រីម្នាក់ ចេនី នៅក្នុងរឿង «អ្នកទីបី»។ ពេលវេលា និងគ្រប់យ៉ាងដែលនាងខំសន្សំមកដល់ពេលនេះ ត្រូវរលាយទៅវិញអស់ ដោយសារតែការចង់ឈ្នះ ចង់ចាញ់របស់នាង ដែលមានចំពោះវិជ្ជដា។ មកដល់វគ្គនេះ ដែលជាវគ្គ ដែលចេនី ត្រូវប្រឈមមុខចំពោះគ្រួសារវេហា នូវរឿងរ៉ាវអាស្រូវរបស់ខ្លួនដែលខំលាក់អស់ជាច្រើនខែមកហើយនោះ។
វាប្រហែលជាធូរស្រាលបន្តិចំពោះវេហា ដែលចេនីបានសារភាពប្រាប់គេ មុនពេលវិជ្ជដាបកអាក្រាតនាង ប៉ុន្តែអ្វីដែលកាន់តែធ្វើចេនីត្រូវអាម៉ាស់ជាលើកទីពីរនេះ គឺរឿងរ៉ាវទាំងអស់ ត្រូវបែកធ្លាយដល់ត្រចៀកម្តាយ និងអាម៉ារបស់វេហានៅថ្ងៃខួបរបស់ពួកគាត់។ បើទោះបីជាមានការអង្វរពី សៅវរី អតីតប្រពន្ធរបស់វេហាយ៉ាងណាក្តី ក៏វិជ្ជដា មិនបានរំលត់កំហឹងដែលមានចំពោះចេនីឡើយ។
វិជ្ជដា បានយករឿងរ៉ាវអាស្រូវ ដែលចេនី និងប្តីរបស់ខ្លួន មកបង្ហាញប្រាប់អ្នកផ្ទះវេហា ក្នុងបំណងឲ្យនាងបាក់មុខ និងរលាយអស់អ្វីៗទាំងអស់ សូម្បីតែសុភមង្គលក្នុងជីវិតក៏គ្មានសល់ដែរ។ គ្រប់គ្នា បន្ទាប់ពីបានស្តាប់ពេញៗត្រចៀកថា ទារកដែលកំពុងតែទទួលបានការថ្នាក់ថ្នមនោះ គឺមិនមែនជាសាច់ឈាមរបស់វេហាទេ ផ្ទុយទៅវិញ ជាតំណក់ឈាមរបស់វឌ្ឍនៈ ប្តីរបស់វិជ្ជដា។ ចេនី ស្ទើរតែក្លាយជាមនុស្សរុក្ខជាតិ និយាយមិនចេញ គាំងនៅស្ងៀម ស្ទើរតែបាត់បង់ស្មារតីទៅហើយ។
ការពិត ត្រូវបែកធ្លាយដល់មនុស្សគ្រប់គ្នាទៅហើយ តើពេលនេះ ចេនីនៅសេសសល់អ្វីសម្រាប់ជីវិតបន្តទៀត? ហើយគ្រួសាររបស់វេហា នឹងដោះស្រាយបែបណា ចំពោះរឿងរ៉ាវអាស្រូវរបស់ចេនី? ដើម្បីចង់ដឹងសាច់រឿងបន្តទៀត សូមរង់ចាំទស្សនាឈុតនេះ នៅក្នុងរឿង «អ្នកទីបី» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាក្រោម៖
ដោយ៖ សិរីរដ្ឋ